ការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល

ក្របខណ្ឌគោលនយោបាយ

ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា បានដាក់ចេញនូវក្របខណ្ឌរយៈពេលវែង សំដៅជំរុញ និងតម្រង់ទិសបរិវត្តកម្មឌីជីថលនៅកម្ពុជាឱ្យទទួលបានជោគជ័យ តាមរយៈការកំណត់ និងការអនុវត្តវិធានការគោលនយោបាយ ដែលឆ្លុះបញ្ចាំង និងឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្នរបស់កម្ពុជា ព្រមទាំងស្របតាមនិន្នាការតំបន់ និងសកល។

ការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល

ចក្ខុវិស័យ គោលបំណង និងគោលដៅ

ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា មានចក្ខុវិស័យ “កសាងសេដ្ឋកិច្ច និងសង្គមឌីជីថលរស់រវើក តាមរយៈការរៀបចំមូលដ្ឋានគ្រឹះជំរុញការទទួលយក និងបរិវត្តកម្មឌីជីថលនៅក្នុងគ្រប់តួអង្គសង្គម ទាំងរដ្ឋ ទាំងពលរដ្ឋ និងទាំងធុរជន ដើម្បីជំរុញសម្ទុះកំណើនសេដ្ឋកិច្ចថ្មី និងលើកកម្ពស់សុខុមាលភាពសង្គម តាមគន្លងប្រក្រតីភាពថ្មី”។ ជាមួយគ្នានេះ គោលបំណងនៃគោលនយោបាយនេះផ្តោតលើ “ការកសាងសេដ្ឋកិច្ចឌីជីថលឱ្យក្លាយជាចន្ទល់កំណើនសេដ្ឋកិច្ចថ្មីផង និងជាប្រព័ន្ធអេកូឡូស៊ីរួមចំណែកបង្កើនផលិតភាព និងប្រសិទ្ធភាពសេដ្ឋកិច្ច និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋនៃសង្គមឌីជីថលកម្ពុជាផង”។

ក្នុងការកសាងសេដ្ឋកិច្ច និង សង្គមកិច្ចឌីជីថលកម្ពុជា តាមចក្ខុវិស័យ និងគោលបំណងខាង ក្របខណ្ឌគោលនយោបាយនេះកំណត់យកគោលដៅចម្បងចំនួន ៥ ដែលរួមមាន៖

ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធការកសាងពលរដ្ឋឌីជីថលការកសាងរដ្ឋាភិបាលឌីជីថលការជំរុញធុរកិច្ចឌីជីថលការកសាងទំនុកចិត្ត និង ភាពជឿជាក់លើប្រព័ន្ធឌីជីថល
ក្របខណ្ឌអាទិភាពនៃបរិវត្តកម្មឌីជីថលសម្រាប់សេដ្ឋកិច្ច និងសង្គមកម្ពុជា

ក្របខណ្ឌអាទិភាពនៃបរិវត្តកម្មឌីជីថលសម្រាប់សេដ្ឋកិច្ច និងសង្គមកម្ពុជា

ដើម្បីសម្រេចបាននូវគោលដៅខាងលើ តួអង្គពាក់ព័ន្ធទាំងអស់នឹងត្រៀមខ្លួន ព្រមទាំងចូលរួមអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន ប្រើប្រាស់ និងទទួលយកនូវបរិការណ៍ឌីជីថលនានា និងអភិវឌ្ឍខ្លួនតាមរយៈការពង្រឹងចំណេះដឹង និងជំនាញផ្នែកបច្ចេកវិទ្យាឌីជីថលផ្សេងៗ។ ការធ្វើបរិវត្តកម្មឌីជីថលចាប់ផ្ដើមពីស្នូលនៃការធ្វើកំណែទម្រង់ស្ថាប័នដោយឈរលើមូលដ្ឋានបច្ចេកវិទ្យាឌីជីថល ដែលក្នុងនោះរួមមាន ការរៀបចំថ្នាលឌីជីថល និងការប្រើប្រាស់ទិន្នន័យ ដែលកើតចេញពីការធ្វើអន្តរសកម្មនៃតួអង្គសំខាន់ៗ ក្នុងការជំរុញ និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល។

គោលការណ៍ក្នុងការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា

ដើម្បីពន្លឿនការចាប់យក និង ការទាញយកអត្ថប្រយោជន៍ពីការវិវឌ្ឍនៃបច្ចេកវិទ្យាឌីជីថល សំដៅជំរុញ និង អភិវឌ្ឍសេដ្ឋកិច្ច និង សង្គមឌីជីថល រាជរដ្ឋាភិបាលកំណត់យកគោលការណ៍ធំៗ ចំនួន ៣ ដែលរួមមាន “ការកសាងមូលដ្ឋានគ្រឹះឌីជីថល-ការចាប់យកឌីជីថល-ការធ្វើបរិវត្តកម្មឌីជីថល”។ ការកំណត់គោលការណ៍ច្បាស់លាស់ ផ្សារភ្ជាប់នឹងវិធានការគោលនយោបាយ និង ផែនការសកម្មភាពច្បាស់លាស់ នឹងអនុញ្ញាតឱ្យដំណើរឆ្ពោះទៅរកការអភិវឌ្ឍ និង ការកសាងសេដ្ឋកិច្ច និង សង្គមឌីជីថល កាន់តែមានប្រសិទ្ធភាពក្នុងកំឡុងពេលអនុវត្ត ដោយផ្អែកតាមវឌ្ឍនភាពការងារ ដែលមានភាពប្រទាក់ក្រឡា និងឆ្លើយតបគ្នាទៅវិញទៅមក។ ទទឹមនឹងនោះ ក្របខណ្ឌគោលនយោបាយនេះ កំណត់រយៈពេលអនុវត្តសម្រាប់រយៈពេល ១៥ ឆ្នាំ ចាប់ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០៣៥។

ដំណាក់កាលទី១: ការកសាងមូលដ្ឋានគ្រឹះ និងការចាប់យកឌីជីថល

  • អភិវឌ្ឍបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន
  • រៀបចំ និងបង្កើតក្របខណ្ឌស្ថាប័ន ក្របខណ្ឌច្បាប់ និងធនធានមនុស្ស

ដំណាក់កាលទី២: ការចាប់យក និងការធ្វើបរិវត្តកម្មឌីជីថល

  • បន្តអភិវឌ្ឍធនធានមនុស្ស ពង្រឹងការស្រាវជ្រាវ និងអភិវឌ្ឍន៍ និងនវានុវត្តន៍
  • បន្តធ្វើទំនើបកម្មប្រព័ន្ធរដ្ឋ និងសេវាសាធារណៈ
  • ពង្រីកកិច្ចសហប្រតិបត្តិការទាំងក្នុងប្រទេស តំបន់ និងសាកល

ដំណាក់កាលទី៣: ការធ្វើបរិវត្តកម្មឌីជីថល

  • ពន្លឿនការអភិវឌ្ឍមូលដ្ឋានគ្រឹះឲ្យកាន់តែរឹងមាំ, ធនធានមនុស្សដែលកាន់តែមានសមត្ថភាព, និងបរិយាកាប្រព័ន្ធអេកូឡូស៊ីដែលកាន់តែអំណោយផល
  • ជំរុញឲ្យមានសង្គមឌីជីថលដែលមានការចូលរួម និងការប្រើប្រាស់បច្ចេកវិទ្យាកាន់តែខ្ពស់
គោលការណ៍ក្នុងការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា

ការត្រៀមខ្លួនរបស់កម្ពុជាក្នុងការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល

កម្ពុជា គឺជាប្រទេសដែលសម្រេចបានកំណើនខ្ពស់ក្នុងតំបន់ ប្រកបដោយជីវភាព និងមានអំណោយផលផ្នែកប្រជាសាស្រ្ត សម្រាប់បន្តជំរុញការអភិវឌ្ឍប្រទេស ជាពិសេសក្នុងបរិការណ៍នៃបដិវត្តន៍ឧស្សាហកម្មទី ៤ និងបរិវត្តកម្មឌីជីថល។ នៅក្នុងដំណើរឆ្ពោះទៅបរិវត្តកម្មឌីជីថល ការត្រៀមខ្លួន គឺជាបុរេលក្ខខណ្ឌចាំបាច់ ដែលប្រទេសនានា បាន និងកំពុងរៀបចំ និងដាក់ចេញនូវក្របខណ្ឌគោលនយោបាយជាយុទ្ធសាស្រ្តក្នុងការចាប់យកអត្ថប្រយោជន៍ជាអតិបរមាពីសេដ្ឋកិច្ច និងសង្គមឌីជីថល។ តាមរយៈឧត្តមានុវត្តន៍នៃការអនុវត្ត នៅតាមបណ្ដាប្រទេសនានា ការចាប់យកសេដ្ឋកិច្ច និងសង្គមឌីជីថល ផ្តោតលើសមាសធាតុសំខាន់ៗ ដូចខាងក្រោម៖

ហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់បរិវត្តកម្មឌីជីថល

ហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់បរិវត្តកម្មឌីជីថល

ទោះបីជាហេដ្ឋារចនាសម្ព័ន្ធបណ្ដាញអ៊ីនធឺណិតនៅកម្ពុជាមានវិសាលភាពគ្របដណ្ដប់កាន់តែល្អប្រសើរ និងមានថ្លៃសមរម្យ ជាពិសេសនៅតាមទីក្រុង និងទីប្រជុំជនធំៗ គុណភាពជារួមនៅមានកម្រិតនៅឡើយ ដែលទាមទារឱ្យមានការពង្រឹងបន្ថែម។ ដូចនេះ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ នឹងផ្តោតលើការពង្រីកបណ្តាញអ៊ីនធឺណិតល្បឿនលឿន រៀបចំប្រព័ន្ធទូទាត់ឌីជីថល និងការរៀបចំប្រព័ន្ធដឹកជញ្ជូន និងការចែកចាយម៉ាយល៍ចុងក្រោយ ដើម្បីគាំទ្រដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឌីជីថល។

ទំនុកចិត្ត និងភាពជឿជាក់លើប្រព័ន្ធឌីជីថល

ទំនុកចិត្ត និងភាពជឿជាក់លើប្រព័ន្ធឌីជីថល

ដោយសារតែកម្ពុជានៅមានភាពទន់ខ្សោយច្រើនក្នុងការទប់ទល់នឹងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត ហើយក្របខណ្ឌច្បាប់ និងក្របខណ្ឌស្ថាប័នរបស់កម្ពុជាក្នុងការគាំទ្រ និងការធានាបាននូវសន្តិសុខ និងសុវត្ថិភាពក្នុងការប្រើប្រាស់ឌីជីថលក៏នៅមានកម្រិត។ ហេតុដូចនេះ ការកសាងភាពជឿជាក់ និងទំនុកចិត្តលើប្រព័ន្ធឌីជីថលនឹងផ្តោតលើការកសាងប្រព័ន្ធច្បាប់ និងការលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពឌីជីថល។

ពលរដ្ឋឌីជីថល

ពលរដ្ឋឌីជីថល

សម្រាប់កម្ពុជា ធនធានមនុស្សទាំងអ្នកដឹកនាំ កម្លាំងពលកម្ម និង ប្រជាពលរដ្ឋគ្រប់រូប មានការវិវឌ្ឍគួរឱ្យកត់សម្គាល់ ជាពិសេសពាក់ព័ន្ធនឹងការចាប់យកឌីជីថល ប៉ុន្តែនៅមានកម្រិត បើធៀបនឹងបណ្ដាប្រទេសក្នុងតំបន់។ ដើម្បីចាប់យកអត្ថប្រយោជន៍ជាអតិបរមាពីបរិវត្តកម្មសេដ្ឋកិច្ច និង សង្គមឌីជីថលផង និង បង្កើនភាពប្រកួតប្រជែងជាមួយនឹងប្រទេសក្នុងតំបន់ផង, រាជរដ្ឋាភិបាលនឹងផ្តោតលើការអភិវឌ្ឍចំណេះដឹង និង ជំនាញឌីជីថល ដោយផ្ដល់អាទិភាពលើមុខព្រួញ ជាក់លាក់ចំនួន ៣ ដែលរួមមាន ភាពជាអ្នកដឹកនាំឌីជីថល, បណ្ដុំធនធានមនុស្សដែលមានទេពកោសល្យឌីជីថល, និង ពលរដ្ឋឌីជីថល ទាំងក្នុងវិស័យសាធារណ និង វិស័យឯកជន និងជ្រៀតដល់កម្រិតសហគមន៍មូលដ្ឋាន។

រដ្ឋាភិបាលឌីជីថល

រដ្ឋាភិបាលឌីជីថល

រដ្ឋាភិបាលឌីជីថល ជាតួអង្គដែលត្រូវការជាចាំបាច់ក្នុងការរៀបចំសេដ្ឋកិច្ច និង សង្គមឌីជីថល មានន័យថា រាជរដ្ឋាភិបាលត្រូវឈានមុខគេក្នុងការប្រើប្រាស់ឌីជីថល ដើម្បីបង្កើតឱ្យមានតម្រូវការផ្ទាល់ ក៏ដូចជា ដើម្បីឱ្យធុរជន និង ប្រជាពលរដ្ឋ ចាប់យកវិស័យឌីជីថល។ ដូច្នេះ ដើម្បីជំរុញរបៀបវារៈ នៃការកែទម្រងរបស់រាជរដ្ឋាភិបាល ដោយប្រើប្រាស់បច្ចេកវិទ្យា និង បង្កើតបរិយាកាសប្រកបដោយបរិយាបន្នកម្មមួយ ក្នុងកាអភិវឌ្ឍ និង ការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល ដែលអាចគាំទ្រដល់រាជរដ្ឋាភិបាលក្នុងការសម្រេចបាននូវបេសកម្មឌីជីថល និង ការពង្រីកបន្ថែមដើម្បីគាំទ្រដល់ធុកិច្ច និង ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលផ្តោតការកសាងរដ្ឋាភិបាលឌីជីថលដោយផ្អែកលើទិដ្ឋភាព ៣ ដែលរួមមានរដ្ឋាភិបាល និង សេវាសាធារណឌីជីថល តាមរយៈការបន្តផ្ដល់ភាពជាម្ចាស់ និង ការទទួលខុសត្រូវនៃប្រ័ព្ធបច្ចេកវិទ្យាព័ត៌មានរបស់ក្រសួង-ស្ថាប័នសំខាន់ៗ និង​ ការកសាងស្ដង់ដារបច្ចេកទេសរួមសម្រាប់ការអនុវត្តនៅតាមក្រសួង-ស្ថាប័ន, គន្លឹះជំរុញការអនុវត្តឌីជីថល, និងអភិបាលកិច្ចផ្អែកលើទិន្នន័យ។

ធុរកិច្ចឌីជីថល

ធុរកិច្ចឌីជីថល

កន្លងមក ការចាប់យក និង ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក៏ដូចជា ICT របស់សហគ្រាសនៅកម្ពុជានៅមានកម្រិតទាបស្ទើរគ្រប់វិស័យ និង ស្ទើរគ្រប់ទំហំនៃសហគ្រាស។ ហេតុដូចនេះ ដើម្បីជំរុញការចាប់យកឌីជីថលរបស់សហគ្រាសគ្រប់កម្រិត និង គ្រប់វិស័យ ក្នុងន័យពង្រីកទីផ្សារ, ពង្រឹងប្រសិទ្ធភាពប្រតិបត្តិការ, ធានាបាននូវចីរភាពនៃអាជីវកម្ម, បង្កើនផលិតភាព និង ប្រសិទ្ធភាពសេដ្ឋកិច្ច, និង លើកកម្ពស់ភាពប្រកួតប្រជែង, ជំរុញការចូលរួមរបស់ក្រុមហ៊ុនឯកជនតាមខ្សែច្រវាក់ឌីជីថលលើកិច្ចការចំនួន ៣ ដែលរួមមាន ការជំរុញបរិវត្តកម្មឌីជីថលសហគ្រាស, ការបង្កើតប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព និង ធុរកិច្ចថ្មី, និង ការលើកកម្ពស់ខ្សែច្រវាក់តម្លៃឌីជីថល។