ផលិតផលឌីជីថលរបស់យើង
ផលិតផលឌីជីថលរបស់យើង
ស្វែងយល់ពីផលិតផលឌីជីថលប្រកបដោយនវានុវត្តន៍ ដែលយើងបានអភិវឌ្ឍដោយផ្ទាល់ ដើម្បីពង្រឹងសមត្ថភាពស្ថាប័ន និងសហគ្រាស តាមរយៈសេវាកម្មឆ្លាតវៃ និងលឿនជាងមុន ដំណើរការការងារដែលមានប្រសិទ្ធភាព និងបទពិសោធន៍ឌីជីថលទំនើប។ យើងនាំយកដំណោះស្រាយប្រកបដោយនវានុវត្តន៍ជូនសាធារណជន ហើយមិនភ្លេចបន្តជំរុញការធ្វើបរិវត្តកម្មឌីជីថលនៅក្នុងស្ថាប័នរបស់យើងផ្ទាល់ ដើម្បីធ្វើជាគំរូក្នុងការកសាងអនាគតដែលឆ្លាតវៃ ទំនើប និងមានការតភ្ជាប់កាន់តែប្រសើរ។

ថ្នាលឌីជីថលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ (Cam-IE)
ថ្នាលឌីជីថលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ត្រូវបានអភិវឌ្ឍឡើង ដើម្បីសម្រួលការចុះឈ្មោះ និងផ្តល់វិញ្ញាបនបត្រអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជូនជនគោលដៅដែលធ្វើការងារ, ធ្វើអាជីវកម្ម ឬប្រកបមុខរបរនៅក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ អគ្គលេខាធិការដ្ឋាន គ.ស.ធ.ឌ. ត្រូវបានប្រគល់ភារកិច្ចក្នុងការអភិវឌ្ឍ និងថែទាំប្រព័ន្ធខាងលើ។ ការចុះឈ្មោះលើថ្នាលឌីជីថលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ អាចធ្វើបានទៅតាមបានតាមរយៈការចុះឈ្មោះដោយខ្លួនឯងតាមកម្មវិធីទូរសព្ទដៃ ឬ វេបផតថល និង ការចុះឈ្មោះតាមរយៈភ្នាក់ងារដៃគូ។

ប្រព័ន្ធគ្រប់គ្រងបុគ្គលិក
ប្រព័ន្ធគ្រប់គ្រងបុគ្គលិកត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពការងារ ភាពត្រឹមត្រូវ និងតម្លាភាពក្នុងការគ្រប់គ្រងវត្តមាន និងការវាយតម្លៃសមិទ្ធកម្ម។ ប្រព័ន្ធនេះអនុញ្ញាតឱ្យមន្ត្រី និងបុគ្គលិកគ្រប់គ្រងទិន្នន័យផ្ទាល់ខ្លួន និងសំណើផ្សេងៗប្រកបដោយភាពងាយស្រួល។

ប្រព័ន្ធគ្រប់គ្រងគម្រោងបច្ចេកវិទ្យាព័ត៍មាន
ប្រព័ន្ធគ្រប់គ្រងគម្រោងបច្ចេកវិទ្យាព័ត៍មាន គឺជាវេទិកាឌីជីថលកណ្តាលមួយ ដែលត្រូវបានបង្កើតឡើងដើម្បីគាំទ្រការវាយតម្លៃ ការតាមដាន និងការរាយការណ៍អំពីគម្រោង និងកម្មវិធីឌីជីថលនានា។ វេទិកានេះអនុញ្ញាតឱ្យស្ថាប័ន អង្គភាព និងភាគីពាក់ព័ន្ធគ្រប់គ្រងដំណើរការវាយតម្លៃបានយ៉ាងមានប្រសិទ្ធភាព តាមដានសូចនាករសមិទ្ធផល និងបង្កើតទិន្នន័យវិភាគដែលជួយគាំទ្រដល់ការសម្រេចចិត្តប្រកបដោយភាពច្បាស់លាស់ និងផ្អែកលើទិន្នន័យជាក់ស្តែង។ តាមរយៈការលើកកម្ពស់តម្លាភាព ប្រសិទ្ធភាព និងការកែលម្អជាបន្តបន្ទាប់, ប្រព័ន្ធគ្រប់គ្រងគម្រោងបច្ចេកវិទ្យាព័ត៍មាន ដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញបរិវត្តកម្មឌីជីថលនៅកម្ពុជា និងការពង្រឹងប្រព័ន្ធអេកូស៊ីស្ទឹមសេដ្ឋកិច្ចឌីជីថលរបស់ប្រទេសឱ្យកាន់តែរឹងមាំ និងប្រកបដោយចីរភាព។

ផតថលតាមដាន និងវាយតម្លៃគោលនយោបាយ
ផតថលតាមដាន និងវាយតម្លៃគោលនយោបាយត្រូវបានប្រើប្រាស់សម្រាប់តាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តវិធានការគន្លឹះដោយក្រសួង ស្ថាប័ន។ ប្រព័ន្ធនេះត្រូវបានដាក់ឱ្យប្រើប្រាស់សម្រាប់គោលនយោបាយចំនួន ២ រួមមាន ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និង គោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨។

ប្រព័ន្ធដាក់ពាក្យស្នើសុំបម្រើការងារ
ប្រព័ន្ធដាក់ពាក្យស្នើសុំបម្រើការងារ ត្រូវបានអភិវឌ្ឍឡើងដោយអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល ដើម្បីសម្រួលដល់បេក្ខភាពចង់បម្រើការងារ អាចដាក់ពាក្យបានងាយស្រួល។
.png)
