
ឯកឧត្តមបណ្ឌិត គង់ ម៉ារី
រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល
ឯកឧត្តមបណ្ឌិត គង់ ម៉ារី មានមុខតំណែង ជារដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, និង ជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល, ជាអគ្គលេខាធិការរង នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ, និង ជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិសេដ្ឋកិច្ច និង សង្គមឌីជីថល។ ឯកឧត្តមបណ្ឌិត មានជំនាញឯកទេសផ្នែកបច្ចេកវិទ្យាព័ត៌មាន និង គមនាគមន៍, នវានុវត្តន៍, ការធ្វើបរិវត្តកម្មឌីជីថល, ការអភិវឌ្ឍគោលនយោបាយសេដ្ឋកិច្ចឌីជីថល, បច្ចេកវិទ្យាហិរញ្ញវត្ថុ និង ធុរកិច្ច។ នៅក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តមទទួលភារកិច្ចក្នុងការជួយជំរុញ ការងារកែទម្រង់តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល, ការកសាងធុរកិច្ចថ្មី និង សហគ្រិនភាព, ការជំរុញសហគ្រាសធុនតូច និង មធ្យមឆ្ពោះទៅរកការចាប់យកឌីជីថល និង ការលើកកម្ពស់នវានុវត្តន៍ ក្នុងបច្ចេកវិទ្យាហិរញ្ញវត្ថុ។ ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិត ក៏មានមុខតំណែងជាប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលបណ្ដុះ ធុរកិច្ចថ្មី “តេជោ”, ជាប្រធានលេខាធិការដ្ឋាននៃមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព, ជាសមាជិកក្រុមប្រឹក្សា ភិបាលនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ, ជាសមាជិកក្រុមប្រឹក្សាបរធនបាល នៃមូលនិធិអភិវឌ្ឍន៍ជំនាញ, ជាសមាជិកក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានជាតិស្ថិតិ, និង ជាមន្ត្រីត្រួតពិនិត្យរដ្ឋ នៃធនាគារសហគ្រាស ធុនតូច និង មធ្យមកម្ពុជាផងដែរ។ បច្ចុប្បន្ន, ឯកឧត្តមបណ្ឌិត គង់ ម៉ារី ក៏បាន និង កំពុងដឹកនាំ ក្រុមការងារមួយចំនួនទៀតក្នុងក្របខណ្ឌ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង អន្តរក្រសួង ដែលក្នុងនោះរួមមាន៖ ជាប្រធានក្រុមការងារ បច្ចេកទេសនៃក្រុមប្រឹក្សាបច្ចេកវិទ្យាព័ត៌មាន នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ប្រធានក្រុមការងារអន្តរ ក្រសួងរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច, ប្រធានក្រុមការងារអន្តរក្រសួងអនុវត្តប្រព័ន្ធសម្គាល់អត្តសញ្ញាណអតិថិជនឌីជីថល, ប្រធានផ្នែកបច្ចេកវិទ្យាឌីជីថល និង សហគ្រាសសម្រាប់ខ្សែច្រវាក់តម្លៃជនបទ នៃគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម័ន្ធជនបទដើម្បីទីផ្សារកសិករ និង ពាណិជ្ជូបនីយកម្មកសិកម្ម, ប្រធានគណៈកម្មការតម្រង់ទិសគម្រោងពន្លឿននវានុវត្តន៍ និង សហគ្រិនភាព បច្ចេកវិទ្យាស្អាតក្នុងធុរកិច្ចថ្មី និង សហគ្រាសធុនតូច និង មធ្យមនៅកម្ពុជា, ជាអនុប្រធានប្រចាំការក្រុមការងាររៀបចំសេចក្ដីព្រាងក្របខណ្ឌគោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាកម្ពុជា, និង ជាអនុប្រធានក្រុមការងារអន្តរក្រសួង ទទួលបន្ទុក សិក្សាពីការបង្វិលសងអាករលើតម្លៃបន្ថែមទៅឱ្យភ្ញៀវទេសចរបរទេស។ ឯកឧត្តមបណ្ឌិត បានទទួលសញ្ញាបត្រអនុបណ្ឌិត និង បណ្ឌិត ផ្នែកបច្ចេកវិទ្យាទូរគមនាគមន៍ និង ព័ត៌មានវិទ្យាពីសាកលវិទ្យាល័យ Waseda ប្រទេសជប៉ុន, បរិញ្ញាបត្រ ផ្នែកគ្រប់គ្រងរដ្ឋបាលធុរកិច្ច ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង និង ជាសមាជិកបម្រុងនៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យ សភាកម្ពុជា។
.png)
