អំពីយើង

ឯកឧត្តមបណ្ឌិត តាំង ងួនលី

ឯកឧត្តមបណ្ឌិត តាំង ងួនលី

អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល

ឯកឧត្តមបណ្ឌិត តាំង ងួនលី បច្ចុប្បន្នជាអគ្គនាយកនៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ដែលក្នុងតួនាទីនេះ ឯកឧត្តមបណ្ឌិត បានដឹកនាំ និង សម្របសម្រួល ការអនុវត្តវិធានការ គោលនយោបាយសេដ្ឋកិច្ចឌីជីថល ក្រោមក្របខ័ណ្ឌយុទ្ធសាស្រ្តរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ទន្ទឹម នេះ, ឯកឧត្តមបណ្ឌិត ក៏ជានាយកប្រតិបត្តិមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ដែលជាគ្រឹះស្ថាន សាធារណៈរដ្ឋបាល មានតួនាទីចូលរួមអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី, ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធ សាធារណៈឌីជីថលសម្រាប់ធុរកិច្ច និង ជំរុញការចាប់យកឌីជីថលរបស់សហគ្រាស ធុនមីក្រូ តូច និង មធ្យមក្នុងកម្ពុជា។ ក្នុងអំឡុងពេលបំពេញការងារនៅក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ជាង ៦ ឆ្នាំនេះ, ឯកឧត្តមបណ្ឌិត បាន បំពេញតួនាទីគន្លឹះជាច្រើនក្នុងការត្រួសត្រាយផ្លូវ ជំរុញឲ្យមានការអភិឌ្ឍសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។ ឯកឧត្តមបណ្ឌិតបានផ្តួចផ្តើមទស្សនាទានពាក់ព័ន្ធនឹងសេដ្ឋកិច្ចឌីជីថល រួមមាន ការតាក់តែងគោល នយោបាយ, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាធារណៈឌីជីថល, ការតស៊ូមតិជាមួយក្រសួង ស្ថាប័នលើ ការបើកចំហទិន្នន័យសម្រាប់សហបង្កើតថ្មីនិងនវានុវត្តន៍, និង ការគាំទ្រការធ្វើឌីជីថលូបនីយកម្មសេវា សាធារណៈនៅតាមបណ្តាស្ថាប័នរដ្ឋ។ ឯកឧត្តមបណ្ឌិត ក៏មានចំណាប់អារម្មណ៍ យ៉ាងខ្លាំងលើការស្រាវ-ជ្រាវផ្នែកបញ្ញាសិប្បនិម្មិត និង បច្ចេកវិទ្យាថ្មីៗផងដែរ។ ផលិតផលឌីជីថលគួរឱ្យកត់សម្គាល់មួយចំនួន ត្រូវបានអភិវឌ្ឍ និង ប្រតិបត្តិទាំងវិស័យសាធារណៈ និង ឯកជន ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត រួមមាន ថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (CamDX), កម្មវិធីទូរស័ព្ទដៃអត្តសញ្ញាណឌីជីថល (CamDigiKey), ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន, ថ្នាលប្លុកឆេន (CamDL), អេភីអាយបំប្លែងរូបភាព ទៅអក្សរ (OCR), អេភីអាយស្វែងរកតាមន័យ (Semantic Search), ថ្នាលទិន្នន័យធំក្នុងវិស័យ សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (Data-EF) និង ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា (e-Invoicing) ជាដើម។ ឯកឧត្តមបណ្ឌិត បានបញ្ចប់ថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្តកុំព្យូទ័រ មកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រទេសកម្ពុជា, ថ្នាក់អនុបណ្ឌិតបច្ចេកវិទ្យាព័ត៌មាននិងទូរគមនាគមន៍ មកពីសាកលវិទ្យាល័យ វាសេដា ប្រទេសជប៉ុន និង ថ្នាក់បណ្ឌិតវិទ្យាសាស្រ្តកុំព្យូទ័រ មកពីសាកលវិទ្យាល័យបច្ចេកវិទ្យាដ្រេសឌិន ប្រទេសអាល្លឺម៉ង់។

ឈ្មោះ
តាំង ងួនលី
ថ្ងៃខែឆ្នាំកំណើត
១០ កុម្ភៈ ១៩៨២
ទីកន្លែងកំណើត
សង្កាត់លេខ ២, ខណ្ឌដូនពេញ, រាជធានីភ្នំពេញ
សញ្ជាតិ
ខ្មែរ
ស្ថានភាពគ្រួសារ
រៀបអាពាហ៍ពិពាហ៍